12. ដូច្នេះបើខ្ញុំប្រាប់អ្នករាល់គ្នាអំពីរឿងហេតុលោកិយ អ្នករាល់គ្នាមិនជឿទៅហើយ ចុះទម្រាំបើខ្ញុំប្រាប់អ្នករាល់គ្នាអំពីរឿងហេតុស្ថានសួគ៌វិញ តើអ្នករាល់គ្នានឹងជឿយ៉ាងដូចម្ដេចបាន?
13. មិនដែលមានអ្នកណាធ្លាប់ទៅដល់ស្ថានសួគ៌ទេ មានតែព្រះអង្គដែលបានយាងចុះពីស្ថានសួគ៌ប៉ុណ្ណោះ គឺជាកូនមនុស្សនោះហើយ។
14. លោកម៉ូសេបានលើកសត្វពស់ឡើងនៅទីរហោឋានយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ
15. ដើម្បីឲ្យអស់អ្នកដែលជឿលើកូនមនុស្សមានជីវិតអស់កល្បជានិច្ច
16. ដ្បិតព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាព្រះអង្គប្រទានព្រះរាជបុត្រាតែមួយ ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ
17. ព្រោះព្រះជាម្ចាស់មិនបានចាត់ព្រះរាជបុត្រាឲ្យមកក្នុងពិភពលោកនេះដើម្បីជំនុំជម្រះពិភពលោកទេ ប៉ុន្ដែដើម្បីឲ្យពិភពលោកទទួលបានសេចក្ដីសង្គ្រោះតាមរយៈព្រះរាជបុត្រាវិញ
18. ហើយអស់អ្នកដែលជឿលើព្រះរាជបុត្រា អ្នកនោះមិនជាប់ទោសឡើយ ប៉ុន្ដែអស់អ្នកដែលមិនជឿ អ្នកនោះជាប់ទោសហើយ ដោយព្រោះមិនបានជឿលើព្រះនាមនៃព្រះរាជបុត្រាតែមួយរបស់ព្រះជាម្ចាស់
19. នេះជាការដាក់ទោស ដ្បិតពន្លឺបានមកក្នុងពិភពលោកនេះ ប៉ុន្ដែមនុស្សស្រឡាញ់សេចក្ដីងងឹតជាងពន្លឺ ព្រោះការប្រព្រឹត្ដិរបស់គេសុទ្ធតែអាក្រក់
20. ហើយអស់អ្នកដែលប្រព្រឹត្ដអាក្រក់ គេស្អប់ពន្លឺ មិនមកឯពន្លឺទេ ក្រែងការប្រព្រឹត្តិរបស់គេត្រូវលាតត្រដាង
21. ប៉ុន្ដែអស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីពិតវិញ គេមកឯពន្លឺ ដើម្បីឲ្យការប្រព្រឹត្តិរបស់គេត្រូវបានបើកសំដែងឲ្យដឹងថា គេបានធ្វើនៅក្នុងព្រះជាម្ចាស់មែន»។
22. បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គបានមកក្នុងស្រុកយូដា ហើយព្រះអង្គក៏ស្នាក់នៅទីនោះជាមួយពួកគេ និងធ្វើពិធីជ្រមុជទឹកឲ្យពួកគេដែរ
23. រីឯលោកយ៉ូហាន គាត់ក៏ធ្វើពិធីជ្រមុជទឹកនៅអេណូនដែរ គឺនៅជិតសាលីម ព្រោះនៅទីនោះមានទឹកច្រើន ហើយមានមនុស្សមកទទួលពិធីជ្រមុជទឹក។
24. លោកយ៉ូហានមិនទាន់ជាប់គុកទេ។
25. ពេលនោះ កើតមានការជជែកដេញដោលគ្នារវាងពួកសិស្សរបស់លោកយ៉ូហាន និងជនជាតិយូដាម្នាក់អំពីពិធីជម្រះកាយ
26. ដូច្នេះពួកគេក៏មកជួបលោកយ៉ូហានប្រាប់ថា៖ «លោកគ្រូ អ្នកដែលបាននៅជាមួយលោកកាលនៅត្រើយម្ខាងនៃអូរយ័រដាន់ គឺជាអ្នកដែលលោកបានធ្វើបន្ទាល់នោះ ឥឡូវនេះ មើល៍ គាត់កំពុងធ្វើពិធីជ្រមុជទឹកដែរ ហើយមនុស្សគ្រប់គ្នានាំគ្នាទៅឯគាត់»។
27. លោកយ៉ូហានតបវិញថា៖ «គ្មានមនុស្សណាម្នាក់អាចទទួលបានអ្វីទេ លុះត្រាតែព្រះជាម្ចាស់ប្រទានពីស្ថានសួគ៌មក
28. ហើយអ្នករាល់គ្នាផ្ទាល់ជាសាក្សីអំពីខ្ញុំ កាលដែលខ្ញុំប្រាប់ថា ខ្ញុំមិនមែនជាព្រះគ្រិស្ដទេ ប៉ុន្ដែព្រះជាម្ចាស់បានចាត់ខ្ញុំឲ្យមកមុនព្រះអង្គប៉ុណ្ណោះ