17. ព្រះអង្គមានបន្ទូលទៅគាត់ជាលើកទីបីថា៖ «ស៊ីម៉ូន កូនលោកយ៉ូហានអើយ! តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ?» លោកពេត្រុសបានព្រួយចិត្ត ព្រោះព្រះអង្គមានបន្ទូលសួរគាត់ដល់ទៅបីដងថា តើអ្នកស្រឡាញ់ខ្ញុំដែរឬទេ? ដូច្នេះគាត់ទូលឆ្លើយទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! ព្រះអង្គដឹងគ្រប់ការទាំងអស់ គឺព្រះអង្គបានដឹងហើយថា ខ្ញុំស្រឡាញ់ព្រះអង្គ»។ ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរឲ្យចំណីដល់ចៀមរបស់ខ្ញុំផង!
18. ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា ពេលអ្នកនៅក្មេង អ្នកស្លៀកពាក់ខ្លួនឯង ហើយទៅណាតាមចិត្ត ប៉ុន្ដែពេលអ្នកចាស់ អ្នកនឹងសន្ធឹងដៃរបស់អ្នក ហើយម្នាក់ទៀតនឹងស្លៀកពាក់ឲ្យអ្នក រួចនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅ»។
19. ព្រះអង្គមានបន្ទូលដូច្នេះ គឺបង្ហាញអំពីរបៀបដែលគាត់នឹងត្រូវស្លាប់ដើម្បីថ្វាយសិរីរុងរឿងដល់ព្រះជាម្ចាស់។ កាលព្រះអង្គមានបន្ទូលដូច្នោះហើយ ព្រះអង្គក៏ប្រាប់គាត់ថា៖ «ចូរមកតាមខ្ញុំចុះ!»
20. ពេលលោកពេត្រុសងាកក្រោយ ក៏ឃើញសិស្សម្នាក់ដែលព្រះយេស៊ូស្រឡាញ់នោះកំពុងដើរតាមដែរ។ សិស្សនោះហើយដែលបានផ្អែកលើព្រះឱរារបស់ព្រះអង្គ ហើយបានទូលសួរព្រះអង្គនៅក្នុងពេលអាហារល្ងាចថា ព្រះអម្ចាស់អើយ! តើអ្នកក្បត់ព្រះអង្គជានរណា?
21. ពេលលោកពេត្រុសឃើញអ្នកនោះ ក៏ទូលសួរព្រះយេស៊ូថា៖ «ព្រះអម្ចាស់អើយ! តើអ្នកនោះយ៉ាងដូចម្តេចដែរ?»