17. ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «កុំពាល់ខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតានៅឡើយ ប៉ុន្ដែចូរអ្នកទៅឯពួកបងប្អូនរបស់ខ្ញុំ ហើយប្រាប់ពួកគេថា ខ្ញុំនឹងឡើងទៅឯព្រះវរបិតារបស់ខ្ញុំ ហើយជាព្រះវរបិតារបស់អ្នករាល់គ្នា គឺជាព្រះរបស់ខ្ញុំ ហើយជាព្រះរបស់អ្នករាល់គ្នាដែរ»។
18. ពេលនោះនាងម៉ារា អ្នកក្រុងម៉ាក់ដាឡាក៏នាំដំណឹងនេះទៅប្រាប់ពួកសិស្សថា៖ «ខ្ញុំបានឃើញព្រះអម្ចាស់» ព្រមទាំងសេចក្ដីដែលព្រះអង្គបានមានបន្ទូលប្រាប់នាងផង។
19. នៅពេលល្ងាចក្នុងថ្ងៃទីមួយនៃសប្តាហ៍នោះ ពួកសិស្សបាននៅកន្លែងមួយដោយបានបិទទ្វារ ព្រោះតែខ្លាចពួកជនជាតិយូដា។ ពេលនោះព្រះយេស៊ូក៏យាងមកឈរនៅកណ្តាលពួកសិស្ស ហើយមានបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ដ!»
20. ពេលព្រះអង្គមានបន្ទូលដូច្នោះហើយ ព្រះអង្គក៏បង្ហាញព្រះហស្ដ និងចំហៀងខ្លួនរបស់ព្រះអង្គឲ្យពួកគេឃើញ ពេលនោះពួកសិស្សក៏មានចិត្តត្រេកអរដោយបានឃើញព្រះអម្ចាស់។
21. ព្រះយេស៊ូមានបន្ទូលទៅពួកគេម្តងទៀតថា៖ «សូមឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្ត! ព្រះវរបិតាបានចាត់ខ្ញុំឲ្យមកជាយ៉ាងណា ខ្ញុំក៏ចាត់អ្នករាល់គ្នាឲ្យទៅជាយ៉ាងនោះដែរ»។
22. ពេលព្រះអង្គមានបន្ទូលដូច្នេះហើយ ព្រះអង្គក៏ផ្លុំលើពួកគេទាំងមានបន្ទូលថា៖ «ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ!
23. បើអ្នករាល់គ្នាលើកលែងទោសបាបឲ្យអ្នកណា នោះពួកគេនឹងទទួលបានការលើកលែងទោស ប៉ុន្ដែបើអ្នករាល់គ្នាមិនលើកលែងទោសបាបឲ្យពួកគេទេ នោះពួកគេនឹងនៅតែមានបាប»។
24. លោកថូម៉ាសជាម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរ ហើយជាម្នាក់ដែលគេហៅថាឌីឌីម គាត់មិនបាននៅជាមួយពួកគេទេនៅពេលព្រះយេស៊ូយាងមក។
25. ដូច្នេះពួកសិស្សផ្សេងទៀតបានប្រាប់គាត់ថា៖ «យើងបានជួបព្រះអម្ចាស់ហើយ!» ប៉ុន្ដែគាត់ឆ្លើយទៅពួកគេថា៖ «បើខ្ញុំមិនបានឃើញស្នាមដែកគោលនៅនឹងព្រះហស្ដរបស់ព្រះអង្គ ហើយមិនបានលូកម្រាមដៃខ្ញុំទៅក្នុងស្នាមដែកគោលនោះ និងទៅក្នុងចំហៀងខ្លួនរបស់ព្រះអង្គទេ នោះខ្ញុំមិនជឿជាដាច់ខាត»។