12. ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាជឿលើខ្ញុំ អ្នកនោះនឹងធ្វើកិច្ចការដែលខ្ញុំធ្វើដែរ ហើយគេនឹងធ្វើកិច្ចការធំជាងនោះផង ព្រោះខ្ញុំនឹងទៅឯព្រះវរបិតាវិញ
13. ហើយអ្នករាល់គ្នាសុំអ្វីក៏ដោយ ដោយនូវឈ្មោះរបស់ខ្ញុំ ខ្ញុំនឹងធ្វើការនោះ ដើម្បីឲ្យព្រះវរបិតាបានតម្កើងឡើងតាមរយៈព្រះរាជបុត្រា
14. ដូច្នេះបើអ្នករាល់គ្នាសុំអ្វីមួយដោយនូវឈ្មោះរបស់ខ្ញុំ ខ្ញុំនឹងធ្វើការនោះ។
15. បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ អ្នករាល់គ្នាមុខជាកាន់តាមបញ្ញត្តិរបស់ខ្ញុំ
16. ខ្ញុំនឹងសុំព្រះវរបិតាឲ្យព្រះអង្គប្រទានអ្នកជំនួយម្នាក់ទៀតដល់អ្នករាល់គ្នា ដើម្បីឲ្យនៅជាមួយអ្នករាល់គ្នាអស់កល្បជានិច្ច
17. ហើយនោះជាព្រះវិញ្ញាណនៃសេចក្ដីពិត ប៉ុន្ដែពិភពលោកមិនអាចទទួលយកព្រះវិញ្ញាណនោះបានទេ ព្រោះមើលមិនឃើញ ហើយមិនស្គាល់ផង ប៉ុន្ដែអ្នករាល់គ្នាស្គាល់ហើយ ដ្បិតព្រះវិញ្ញាណនោះបានគង់ជាមួយអ្នករាល់គ្នា ហើយសណ្ឋិតនៅក្នុងអ្នករាល់គ្នា។
18. រីឯខ្ញុំមិនទុកឲ្យអ្នករាល់គ្នានៅកំព្រាទេ ខ្ញុំនឹងមកឯអ្នករាល់គ្នាវិញ
19. បន្តិចទៀតនេះ មនុស្សលោកនឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្តែអ្នករាល់គ្នានឹងឃើញខ្ញុំ ហើយដោយព្រោះខ្ញុំរស់ នោះអ្នករាល់គ្នាក៏រស់ដែរ
20. រួចនៅថ្ងៃនោះអ្នករាល់គ្នានឹងដឹងថា ខ្ញុំនៅក្នុងព្រះវរបិតារបស់ខ្ញុំ អ្នករាល់គ្នានៅក្នុងខ្ញុំ ហើយខ្ញុំក៏នៅក្នុងអ្នករាល់គ្នាដែរ។