1. កុំឲ្យចិត្តរបស់អ្នករាល់គ្នាជ្រួលច្របល់ឡើយ អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ហើយ ចូរជឿខ្ញុំដែរ
2. នៅក្នុងដំណាក់ព្រះវរបិតារបស់ខ្ញុំមានលំនៅច្រើន ប៉ុន្ដែបើគ្មានទេ ខ្ញុំក៏មិនប្រាប់អ្នករាល់គ្នាដែរ ដ្បិតខ្ញុំទៅដើម្បីរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា។
3. ដូច្នេះបើខ្ញុំទៅរៀបចំកន្លែងសម្រាប់អ្នករាល់គ្នា នោះខ្ញុំនឹងត្រលប់មកវិញ ហើយទទួលអ្នករាល់គ្នាទៅជាមួយខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាបាននៅកន្លែងដែលខ្ញុំនៅនោះដែរ
4. ហើយកន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាក៏ស្គាល់ផ្លូវនោះដែរ»។
5. លោកថូម៉ាសទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! យើងមិនដឹងថាព្រះអង្គយាងទៅណាទេ ដូច្នេះតើធ្វើដូចម្តេចឲ្យយើងអាចស្គាល់ផ្លូវនោះបាន?»
6. ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំជាផ្លូវ ជាសេចក្ដីពិត ហើយជាជីវិត គ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ លើកលែងតែទៅតាមរយៈខ្ញុំ
7. ដូច្នេះបើអ្នករាល់គ្នាស្គាល់ខ្ញុំ អ្នករាល់គ្នាក៏ស្គាល់ព្រះវរបិតារបស់ខ្ញុំដែរ។ ចាប់ពីពេលនេះតទៅ អ្នករាល់គ្នាបានស្គាល់ និងបានឃើញព្រះអង្គហើយ»។