27. កាលព្រះយេស៊ូយាងចេញឆ្ងាយពីទីនោះ មានបុរសខ្វាក់ភ្នែកពីរនាក់ដើរតាមព្រះអង្គ ទាំងស្រែកថា៖ «ឱពូជពង្សដាវីឌអើយ! សូមមេត្ដាដល់យើងខ្ញុំផង»។
28. ពេលយាងចូលដល់ក្នុងផ្ទះ បុរសខ្វាក់ភ្នែកទាំងពីរនាក់បានចូលមកជិតព្រះអង្គ ហើយព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «តើអ្នកទាំងពីរជឿថាខ្ញុំអាចធ្វើការនេះបានដែរឬទេ?» ពួកគេទូលថា៖ «បាទ លោកម្ចាស់»
29. បន្ទាប់មក ព្រះអង្គក៏ពាល់ភ្នែករបស់ពួកគេ ដោយមានបន្ទូលថា៖ «សូមឲ្យបានសម្រេចតាមជំនឿរបស់អ្នកទាំងពីរចុះ»
30. ភ្នែករបស់ពួកគេក៏ភ្លឺឡើង រួចព្រះយេស៊ូមានបន្ទូលហាមពួកគេយ៉ាងម៉ឺងម៉ាត់ថា៖ «ចូរប្រយ័ត្ន! កុំឲ្យនរណាម្នាក់ដឹងឲ្យសោះ»
31. ប៉ុន្ដែពេលអ្នកទាំងពីរនោះចេញទៅ ក៏ផ្សព្វផ្សាយប្រាប់គេពីព្រះអង្គពាសពេញតំបន់នោះទាំងមូល។
32. ពេលអ្នកទាំងពីរនោះកំពុងចេញទៅ មើល៍ មានគេនាំយកមនុស្សគម្នាក់ដែលមានអារក្សចូលមករកព្រះអង្គ
33. ព្រះអង្គក៏បណ្ដេញអារក្សនោះចេញ ឯមនុស្សគក៏អាចនិយាយបានវិញ ហើយបណ្ដាជនក៏នឹកអស្ចារ្យដោយនិយាយថា៖ «នៅអ៊ីស្រាអែល ពុំដែលកើតមានហេតុការណ៍ដូច្នេះសោះ»
34. ប៉ុន្ដែពួកអ្នកខាងគណៈផារិស៊ីបាននិយាយថា៖ «ម្នាក់នេះបណ្ដេញអារក្សដោយសារមេអារក្សទេ»។
35. ព្រះយេស៊ូយាងទៅគ្រប់ក្រុង និងភូមិទាំងអស់ បង្រៀននៅក្នុងសាលាប្រជុំរបស់ពួកគេ ហើយបានប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់ ព្រមទាំងប្រោសជំងឺរោគាគ្រប់បែបយ៉ាងឲ្យបានជា។
36. ពេលឃើញបណ្ដាជន ព្រះអង្គអាណិតអាសូរពួកគេពន់ពេក ព្រោះពួកគេខ្ចាត់ព្រាត់ និងល្វើយ ដូចជាចៀមគ្មានអ្នកគង្វាល។