10. ក្រោយមក ពេលព្រះអង្គចូលរួមបរិភោគអាហារនៅផ្ទះរបស់លោកម៉ាថាយ ក៏មានពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបជាច្រើនបានមកចូលរួមបរិភោគអាហារជាមួយព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គដែរ។
11. ពេលពួកអ្នកខាងគណៈផារិស៊ីឃើញបែបនេះ ក៏សួរពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបដូច្នេះ?»
12. ពេលព្រះអង្គស្ដាប់ឮ ក៏មានបន្ទូលទៅពួកគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។
13. ចូរទៅស្វែងយល់ពីបទគម្ពីរដែលថា យើងចង់បានសេចក្ដីមេត្ដា មិនមែនយញ្ញបូជាទេ តើនេះមានន័យយ៉ាងដូចម្ដេច? ព្រោះខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ ប៉ុន្ដែហៅមនុស្សបាបវិញ»។