56. ប៉ុន្ដែការទាំងអស់នេះកើតឡើង ដើម្បីសម្រេចតាមបទគម្ពីររបស់អ្នកនាំព្រះបន្ទូល»។ ពេលនោះ ពួកសិស្សក៏រត់គេចខ្លួនចោលព្រះអង្គទាំងអស់គ្នា។
57. ពួកអ្នកដែលចាប់ព្រះយេស៊ូក៏នាំព្រះអង្គទៅឯសម្ដេចសង្ឃកៃផា ជាកន្លែងដែលពួកគ្រូវិន័យ និងពួកចាស់ទុំបានជួបជុំគ្នា។
58. លោកពេត្រុសបានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ក្នុងផ្ទះរបស់សម្ដេចសង្ឃ ហើយបានចូលទៅអង្គុយជាមួយពួកអ្នកបម្រើការនៅខាងក្នុង ដើម្បីមើលលទ្ធផល។
59. ពួកសម្ដេចសង្ឃ និងក្រុមបឹ្រក្សាកំពូលទាំងមូលបានរកភស្តុតាងក្លែងក្លាយប្រឆាំងព្រះយេស៊ូ ដើម្បីអាចសម្លាប់ព្រះអង្គបាន
60. ប៉ុន្ដែពួកគេរកមិនបានសោះ ទោះបីមានសាក្សីក្លែងក្លាយជាច្រើនបានចូលមកក៏ដោយ។ នៅទីបំផុត ក៏មានពីរនាក់បានចូលមក
61. និយាយថា៖ «ម្នាក់នេះបាននិយាយថា ខ្ញុំអាចបំផ្លាញព្រះវិហាររបស់ព្រះជាម្ចាស់បាន ហើយសង់ឡើងវិញក្នុងរយៈពេលបីថ្ងៃ»។
62. សម្ដេចសង្ឃក៏ក្រោកឈរឡើង និយាយទៅព្រះអង្គថា៖ «តើអ្នកគ្មានចម្លើយអ្វីសម្រាប់ការដែលអ្នកទាំងនេះបានចោទប្រកាន់អ្នកទេឬ?»
63. ព្រះយេស៊ូនៅស្ងៀម សម្ដេចសង្ឃក៏និយាយទៅព្រះអង្គទៀតថា៖ «ខ្ញុំសូមឲ្យអ្នកស្បថនឹងព្រះជាម្ចាស់ដ៏មានព្រះជន្មរស់ ចូរអ្នកប្រាប់យើងមក តើអ្នកជាព្រះគ្រិស្ដដែលជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែនឬ?»
64. នោះព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «លោកនិយាយត្រូវហើយ តែខ្ញុំប្រាប់អ្នករាល់គ្នាថា ចាប់ពីពេលនេះតទៅ អ្នករាល់គ្នានឹងឃើញកូនមនុស្សអង្គុយនៅខាងស្ដាំព្រះជាម្ចាស់ដ៏មានអំណាច ហើយមកជាមួយពពកលើមេឃ»។