35. ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ ប៉ុន្ដែពាក្យរបស់ខ្ញុំនឹងមិនរលាយបាត់សោះឡើយ។
36. ឯពេលវេលា និងថ្ងៃកំណត់ ក្រៅពីព្រះវរបិតាតែមួយអង្គគត់ គ្មានអ្នកណាម្នាក់ដឹងឡើយ សូម្បីតែពួកទេវតានៅស្ថានសួគ៌ ឬព្រះរាជបុត្រា
37. ដ្បិតនៅសម័យលោកណូអេមានកើតឡើងជាយ៉ាងណា កូនមនុស្សនឹងមកជាយ៉ាងនោះដែរ។
38. សម័យនោះ មុនមានទឹកជំនន់ ពួកគេស៊ីផឹក និងរៀបការជាប្ដីប្រពន្ធរហូតដល់ថ្ងៃលោកណូអេចូលក្នុងទូកធំ
39. គឺពួកគេមិនបានដឹងទាល់តែសោះ រហូតដល់ទឹកជំនន់មកដល់ ក៏ហូរនាំអ្វីៗទាំងអស់ទៅ ឯការមកដល់របស់កូនមនុស្សក៏នឹងកើតឡើងជាយ៉ាងនោះដែរ។
40. នៅពេលនោះ បុរសពីរនាក់នៅស្រែចម្ការ ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅទីនោះ
41. ឯស្ដ្រីពីរនាក់កំពុងកិនស្រូវ ម្នាក់នឹងត្រូវដកយកទៅ ហើយម្នាក់ទៀតនឹងត្រូវទុកនៅទីនោះ។
42. ដូច្នេះ ចូរប្រុងស្មារតី ព្រោះអ្នករាល់គ្នាមិនដឹងថា ព្រះអម្ចាស់របស់អ្នករាល់គ្នានឹងមកនៅថ្ងៃណាទេ
43. ចូរអ្នករាល់គ្នាដឹងការនេះចុះថា បើម្ចាស់ផ្ទះដឹងថា ចោរនឹងមកនៅពេលណាមួយ នោះគាត់មុខជាមិនដេកទេ ហើយមិនបណ្តោយឲ្យវាគាស់ផ្ទះរបស់គាត់បានឡើយ
44. ហេតុនេះហើយ ចូរអ្នករាល់គ្នាប្រុងប្រៀបដូច្នេះដែរ ព្រោះអ្នករាល់គ្នាស្មានមិនត្រូវទេថា កូនមនុស្សមកនៅពេលណា។