ម៉ាថាយ 17:11-23 Khmer Christian Bible (KCB)

11. ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «លោក​អេលីយ៉ា​មក​មែន​ ដើម្បី​ស្ដារ​អ្វីៗ​ទាំង​អស់​ឡើង​វិញ​

12. តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ លោក​អេលីយ៉ា​បាន​មក​រួច​ហើយ​ ប៉ុន្ដែ​ពួកគេ​មិន​បាន​ទទួល​ស្គាល់​លោក​ទេ​ បែរ​ជា​ប្រព្រឹត្ត​ចំពោះ​លោក​តាម​អំពើ​ចិត្ត​គ្រប់​បែប​យ៉ាង​ ហើយ​កូនមនុស្ស​នឹង​ត្រូវ​ពួកគេ​ធ្វើ​ទុក្ខ​យ៉ាង​ដូច្នោះ​ដែរ»។​

13. ពួក​សិស្ស​យល់​ថា​ ព្រះអង្គ​កំពុង​មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក។​

14. កាល​បាន​មក​ដល់​បណ្ដាជន​ហើយ​ នោះ​បុរស​ម្នាក់​បាន​មក​លុត​ជង្គង់​នៅ​ពី​មុខ​ព្រះអង្គ​

15. ទូល​ថា៖​ «លោកម្ចាស់​អើយ!​ សូម​មេត្ដា​ដល់​កូន​ប្រុស​ខ្ញុំ​ផង​ ព្រោះ​វា​ឆ្កួត​ជ្រូក​រង​ទុក្ខ​ខ្លាំង​ណាស់​ ហើយ​វា​ចេះ​តែ​ដួល​ទៅ​ក្នុង​ភ្លើង​ និង​ក្នុង​ទឹក​ជា​ញឹក​ញាប់​

16. ខ្ញុំ​បាន​នាំ​វា​មក​រក​ពួក​សិស្ស​របស់​លោក​ដែរ​ តែ​ពួកគេ​មិន​អាច​ប្រោស​វា​ឲ្យ​ជា​បាន​ទេ»។​

17. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «ឱ​ជំនាន់​មនុស្ស​គ្មាន​ជំនឿ​ និង​មាន​ចិត្ដ​វៀច​អើយ!​ តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ តើ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ ចូរ​នាំ​ក្មេង​នោះ​មក​ឯ​ខ្ញុំ​នៅ​ទី​នេះ‍»‍។​

18. ព្រះយេស៊ូ​បាន​បន្ទោស​អារក្ស​ ហើយ​វា​ក៏​ចេញ​ពី​ក្មេង​នោះ​ ក្មេង​នោះ​ក៏​បាន​ជាសះស្បើយ​ចាប់​តាំង​ពី​ពេល​នោះ​មក‍។​

19. បន្ទាប់​មក​ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះយេស៊ូ​ដោយ​ឡែក​ទូល​សួរ​ថា៖​ «ហេតុអ្វី​បាន​ជា​យើង​មិន​អាច​បណ្ដេញ​អារក្ស​នោះ​បាន​ដូច្នេះ?»​

20. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មក​ពី​អ្នក​រាល់គ្នា​មាន​ជំនឿ​តិច​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ បើ​អ្នក​រាល់គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​មូតា​មួយ​គ្រាប់​ ហើយ​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា​ ចូរ​រើ​ចេញ​ពី​ទី​នោះ​ វា​នឹង​ត្រូវ​រើ​ចេញ​ ហើយ​គ្មាន​អ្វី​ដែល​អ្នក​រាល់គ្នា​ធ្វើ​មិន​កើត​ឡើយ​

21. ប៉ុន្ដែ​អារក្ស​ប្រភេទ​នេះ​មិន​ងាយ​បណ្ដេញ​ចេញ​ទេ​ លើកលែង​តែ​អធិស្ឋាន​ និង​តម​អាហារ»។​

22. កាល​ពួកគេ​មក​ជុំ​គ្នា​នៅ​ស្រុក​កាលីឡេ​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​មនុស្ស​

23. គេ​នឹង​សម្លាប់​លោក​ ប៉ុន្ដែ​លោក​នឹង​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី»​ ពេល​ពួកគេ​ឮ​ដូច្នេះ​ ក៏​ព្រួយ​ចិត្ដ​ជា​ខ្លាំង។​

ម៉ាថាយ 17