12. ពួកសិស្សចូលមកជិតព្រះអង្គ ទូលថា៖ «តើលោកគ្រូជ្រាបដែរឬទេថា ពួកអ្នកខាងគណៈផារិស៊ីទាស់ចិត្ដណាស់ ពេលឮពាក្យនេះ?»
13. តែព្រះអង្គមានបន្ទូលឆ្លើយថា៖ «រុក្ខជាតិទាំងឡាយណាដែលព្រះវរបិតារបស់ខ្ញុំគង់នៅស្ថានសួគ៌មិនបានដាំ នោះនឹងត្រូវដកចោល
14. ដូច្នេះ បណ្ដោយតាមពួកគេចុះ ពួកគេជាមនុស្សខ្វាក់នាំផ្លូវមនុស្សខ្វាក់ ហើយបើមនុស្សខ្វាក់នាំផ្លូវមនុស្សខ្វាក់ នោះទាំងពីរនាក់មុខជាធ្លាក់រណ្ដៅមិនខាន»
15. លោកពេត្រុសទូលតបទៅព្រះអង្គថា៖ «សូមពន្យល់រឿងប្រៀបប្រដូចនេះដល់យើងខ្ញុំផង»
16. ព្រះអង្គមានបន្ទូលថា៖ «តើអ្នករាល់គ្នានៅតែមិនយល់ដែរឬ?
17. តើអ្នករាល់គ្នាមិនដឹងទេឬថា អ្វីៗទាំងអស់ដែលចូលតាមមាត់ទៅក្នុងពោះ ហើយបញ្ចេញទៅក្នុងបង្គន់ទេឬ?
18. ប៉ុន្ដែអ្វីៗដែលចេញពីមាត់ គឺចេញមកពីចិត្ដ សេចក្ដីនោះឯងដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ
19. ដ្បិតគំនិតអាក្រក់ ការសម្លាប់មនុស្ស អំពើផិតក្បត់ អំពើអសីលធម៌ខាងផ្លូវភេទ ការលួចប្លន់ ការជេរប្រមាថ និងការធ្វើបន្ទាល់ក្លែងក្លាយសុទ្ធតែចេញមកពីចិត្ដ
20. គឺសេចក្ដីទាំងនោះហើយដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ ប៉ុន្ដែការបរិភោគដោយមិនបានលាងដៃ មិនធ្វើឲ្យមនុស្សមិនបរិសុទ្ធឡើយ»។
21. ព្រះយេស៊ូបានយាងចេញពីទីនោះឆ្ពោះទៅកាន់តំបន់ក្រុងទីរ៉ុស និងក្រុងស៊ីដូន។
22. នោះមានស្ដ្រីជនជាតិកាណានម្នាក់ ដែលរស់នៅតំបន់នោះបានចេញមក ស្រែកថា៖ «លោកម្ចាស់ជាពូជពង្សដាវីឌអើយ! សូមមេត្តាខ្ញុំផង! កូនស្រីរបស់ខ្ញុំត្រូវអារក្សចូល ធ្វើទុក្ខខ្លាំងណាស់»
23. ប៉ុន្ដែព្រះអង្គមិនបានឆ្លើយនឹងនាងមួយម៉ាត់ឡើយ ហើយពួកសិស្សរបស់ព្រះអង្គបានចូលមកជិតទូលសុំព្រះអង្គថា៖ «សូមឲ្យនាងចេញទៅ ព្រោះនាងចេះតែស្រែកពីក្រោយយើង»
24. ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយថា៖ «ព្រះជាម្ចាស់បានឲ្យខ្ញុំមកឯប្រជាជនអ៊ីស្រាអែល ដែលជាចៀមវង្វេងរបស់ព្រះអង្គប៉ុណ្ណោះ»