29. ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «គ្មានអ្វីអាចបណ្ដេញវិញ្ញាណប្រភេទនេះបានទេ លើកលែងតែតាមរយៈការអធិស្ឋាន»។
30. ពួកគេធ្វើដំណើរចាកចេញពីទីនោះឆ្លងកាត់ស្រុកកាលីឡេ ប៉ុន្ដែព្រះអង្គមិនចង់ឲ្យអ្នកណាម្នាក់ដឹងទេ
31. ដ្បិតព្រះអង្គបានបង្រៀនសិស្សព្រះអង្គ ដោយមានបន្ទូលទៅគេថា៖ «កូនមនុស្សត្រូវបានបញ្ជូនទៅក្នុងដៃមនុស្ស ហើយពួកគេនឹងសម្លាប់លោក លុះគេបានសម្លាប់ហើយ បីថ្ងៃក្រោយ លោកនឹងរស់ឡើងវិញ»
32. ប៉ុន្ដែពួកគេមិនយល់ព្រះបន្ទូលនេះទេ ហើយក៏មិនហ៊ានសួរព្រះអង្គដែរ។
33. ពួកគេក៏មកដល់ក្រុងកាពើណិម ហើយនៅពេលចូលទៅក្នុងផ្ទះ ព្រះអង្គបានសួរពួកគេថា៖ «តើអ្នករាល់គ្នាសួរដេញដោលគ្នានៅតាមផ្លូវអំពីអ្វី?»
34. ប៉ុន្ដែពួកគេនៅស្ងៀម ព្រោះពួកគេសួរដេញដោលគ្នាទៅវិញទៅមកនៅតាមផ្លូវ ថាតើអ្នកណាធំជាងគេ
35. ព្រះអង្គក៏អង្គុយចុះ ហើយហៅសាវកទាំងដប់ពីរមក និងមានបន្ទូលទៅគេថា៖ «ប្រសិនបើអ្នកណាចង់ធ្វើជាទីមួយ អ្នកនោះត្រូវជាអ្នកនៅចុងក្រោយគេបង្អស់ ហើយជាអ្នកបម្រើគេគ្រប់គ្នា»
36. ព្រះអង្គក៏យកក្មេងតូចម្នាក់មកដាក់នៅកណ្ដាលពួកគេ រួចលើកពក្មេងនោះ និងមានបន្ទូលទៅគេថា៖
37. «អ្នកណាដែលទទួលក្មេងតូចម្នាក់ដូចក្មេងនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំ ហើយអ្នកណាទទួលខ្ញុំ នោះមិនមែនទទួលតែខ្ញុំទេ គឺទទួលព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ»។
38. លោកយ៉ូហានទូលឆ្លើយទៅព្រះអង្គថា៖ «លោកគ្រូ យើងបានឃើញមនុស្សម្នាក់កំពុងបណ្ដេញអារក្សក្នុងនាមរបស់លោក ហើយយើងបានឃាត់គាត់ ព្រោះគាត់មិនមកតាមយើង»
39. តែព្រះយេស៊ូមានបន្ទូលថា៖ «កុំឃាត់គាត់អី ដ្បិតគ្មានអ្នកណាម្នាក់អាចធ្វើកិច្ចការដ៏មានអំណាចក្នុងនាមខ្ញុំ ហើយនិយាយអាក្រក់ពីខ្ញុំភ្លាមៗបានឡើយ
40. ដ្បិតអ្នកណាមិនប្រឆាំងយើង អ្នកនោះនៅខាងយើងហើយ
41. បើអ្នកណាយកទឹកមួយកែវឲ្យអ្នកផឹកក្នុងនាមខ្ញុំ និងព្រោះតែអ្នកជារបស់ព្រះគ្រិស្ដ ខ្ញុំប្រាប់អ្នកជាប្រាកដថា អ្នកនោះនឹងមិនបាត់រង្វាន់ឡើយ
42. ប៉ុន្ដែបើអ្នកណាធ្វើឲ្យអ្នកតូចតាចម្នាក់ក្នុងចំណោមអ្នកជឿខ្ញុំទាំងនេះជំពប់ដួល ស៊ូឲ្យអ្នកនោះចងកនឹងត្បាល់ថ្មដែលកិនដោយសត្វលា ហើយឲ្យគេទម្លាក់ក្នុងសមុទ្រ នោះប្រសើរជាង
43. ហើយបើដៃអ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្តបាប ចូរកាត់វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតទាំងពិការប្រសើរជាងមានដៃទាំងពីរ តែត្រូវធ្លាក់ទៅក្នុងស្ថាននរកដែលមានភ្លើងមិនចេះរលត់
44. [ជាកន្លែងដែលមានដង្កូវមិនចេះងាប់ និងភ្លើងដែលឆេះមិនរលត់]
45. ហើយបើជើងអ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរកាត់វាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងជីវិតទាំងពិការ ប្រសើរជាងមានជើងទាំងពីរ តែត្រូវបោះចូលទៅក្នុងស្ថាននរក។
46. [ជាកន្លែងដែលមានដង្កូវមិនចេះងាប់ និងភ្លើងដែលឆេះមិនរលត់]
47. បើភ្នែកខាងណាមួយរបស់អ្នកបណ្ដាលឲ្យអ្នកប្រព្រឹត្ដបាប ចូរខ្វេះវាចោលទៅ ស៊ូឲ្យអ្នកចូលទៅក្នុងនគរព្រះជាម្ចាស់មានភ្នែកតែម្ខាង ប្រសើរជាងមានភ្នែកមួយគូ ប៉ុន្ដែត្រូវបោះចូលទៅក្នុងស្ថាននរក