37. ព្រះអង្គមានបន្ទូលតបទៅគេថា៖ «ចូរអ្នករាល់គ្នាឲ្យអាហារពួកគេបរិភោគផង» គេក៏ទូលព្រះអង្គវិញថា៖ «តើយើងយកប្រាក់ពីររយឌេណារី ទៅទិញនំប៉័ងឲ្យគេបរិភោគឬ?»
38. ព្រះអង្គមានបន្ទូលទៅគេថា៖ «ចូរទៅមើលមើល៍ អ្នករាល់គ្នាមាននំប៉័ងប៉ុន្មាន?» ពេលដឹងហើយ គេទូលព្រះអង្គថា៖ «យើងមាននំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ»
39. ព្រះអង្គក៏បង្គាប់គេគ្រប់គ្នាឲ្យអង្គុយជាក្រុមៗនៅលើស្មៅខៀវខ្ចី
40. ហើយពួកគេអង្គុយជាក្រុមៗ ដែលមានគ្នាមួយរយនាក់ ឬហាសិបនាក់
41. បន្ទាប់ពីយកនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយមក ព្រះអង្គក៏ងើយមើលទៅឯស្ថានសួគ៌ ទាំងអរព្រះគុណ រួចកាច់នំប៉័ងឲ្យទៅសិស្ស ដើម្បីរៀបចំនៅមុខគេ ហើយចែកត្រីពីរនោះដល់គេទាំងអស់គ្នាដែរ។
42. ពួកគេបានបរិភោគឆ្អែតស្កប់ស្កល់គ្រប់គ្នា
43. បន្ទាប់មក ពួកគេប្រមូលចំណិតនំបុ័ង និងត្រីដែលនៅសល់បានដប់ពីរកន្ដ្រកពេញៗ
44. មនុស្សដែលបានបរិភោគនំប៉័ងនោះ មានបុរសចំនួនប្រាំពាន់នាក់។
45. ភ្លាមនោះ ព្រះអង្គតឿនសិស្សរបស់ព្រះអង្គឲ្យចុះទូកឆ្លងទៅត្រើយម្ខាង ឆ្ពោះទៅក្រុងបេតសៃដាមុន ហើយទីបំផុតព្រះអង្គក៏រំសាយបណ្ដាជន
46. កាលព្រះអង្គមានបន្ទូលលាពួកគេហើយ ក៏យាងទៅភ្នំ ដើម្បីអធិស្ឋាន។
47. ល្ងាចនោះទូកបាននៅកណ្ដាលបឹង ហើយព្រះអង្គនៅលើគោកតែម្នាក់ឯង
48. ព្រះអង្គបានឃើញពួកគេចែវទូកបញ្ច្រាស់ខ្យល់យ៉ាងលំបាក ដូច្នេះប្រហែលនៅយាមទីបួនយប់នោះ ព្រះអង្គបានយាងដើរលើបឹងទៅឯពួកគេ ហើយចង់ទៅហួសពួកគេ
49. ពេលឃើញព្រះអង្គយាងដើរលើបឹង ពួកគេស្មានថាខ្មោចលង ក៏ស្រែកឡើង
50. ព្រោះពួកគេគ្រប់គ្នាខ្លាចពេលឃើញព្រះអង្គ ហើយព្រះអង្គមានបន្ទូលទៅគេភ្លាមថា៖ «កុំខ្លាចអី ចូរក្លាហានឡើង គឺខ្ញុំទេ»
51. ព្រះអង្គក៏ឡើងទូកជាមួយពួកគេ ហើយខ្យល់បានស្ងប់ទៅ រីឯពួកគេនឹកអស្ចារ្យក្នុងចិត្ដយ៉ាងខ្លាំង។
52. ដោយព្រោះចិត្ដគេរឹងរូស ពួកគេមិនយល់អំពីរឿងនំប៉័ងទេ។
53. ពេលឆ្លងដល់ដីគោក ពួកគេបានមកដល់តំបន់គេនេសារ៉ែត ហើយចតទូកនៅទីនោះ