21. កាលឱកាសល្អមកដល់ គឺនៅថ្ងៃបុណ្យចម្រើនព្រះជន្មស្ដេចហេរ៉ូឌ ព្រះអង្គបានរៀបចំពិធីជប់លៀងឲ្យពួកមន្ត្រី មេទ័ពធំៗ និងពួកអ្នកមុខអ្នកការនៅស្រុកកាលីឡេ
22. កូនស្រីនាងហេរ៉ូឌាសក៏ចូលមករាំថ្វាយ ហើយធ្វើឲ្យស្ដេចហេរ៉ូឌ និងភ្ញៀវដែលរួមតុជាមួយពេញចិត្ដយ៉ាងខ្លាំង ស្ដេចក៏មានបន្ទូលទៅនាងថា៖ «នាងចង់បានអ្វី ចូរសុំយើងចុះ យើងនឹងឲ្យនាង»
23. ព្រះអង្គបានស្បថយ៉ាងម៉ឺងម៉ាត់ថា៖ «អ្វីក៏ដោយដែលនាងសុំយើង យើងនឹងឲ្យនាង សូម្បីតែនគររបស់យើងមួយចំហៀងក៏ដោយ»
24. នាងក៏ចេញទៅសួរម្ដាយនាងថា៖ «តើខ្ញុំគួរសុំអ្វី?» នោះម្ដាយនាងបានប្រាប់ថា៖ «ក្បាលរបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក»
25. ភ្លាមនោះ នាងបានចូលទៅជួបស្ដេចយ៉ាងប្រញាប់ប្រញាល់ ហើយទូលសុំថា៖ «ខ្ញុំសុំព្រះអង្គប្រទានក្បាលយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹកដាក់លើថាសឲ្យខ្ញុំនៅពេលនេះ»
26. ពេលនោះ ស្ដេចប្រែជាព្រួយចិត្ដយ៉ាងខ្លាំង ព្រោះព្រះអង្គបានសន្យានៅចំពោះមុខភ្ញៀវដែលរួមតុជាមួយព្រះអង្គ ហើយព្រះអង្គមិនចង់បដិសេធសំណូមនាងទេ