13. រួចពួកគេចាត់ពួកអ្នកខាងគណៈផារិស៊ី និងពួកអ្នកខាងគណៈហេរ៉ូឌខ្លះឲ្យទៅឯព្រះអង្គ ដើម្បីចាប់កំហុសពេលព្រះអង្គមានបន្ទូល
14. ពេលមកដល់ ពួកគេសួរព្រះអង្គថា៖ «លោកគ្រូ យើងដឹងថា លោកពិតត្រង់ លោកមិនខ្វល់ពីអ្នកណាទេ ព្រោះលោកមិនយោគយល់មុខមនុស្សឡើយ ផ្ទុយទៅវិញ លោកបង្រៀនពីផ្លូវរបស់ព្រះជាម្ចាស់ទៅតាមសេចក្ដីពិត។ ដូច្នេះ តើការបង់ពន្ធឲ្យព្រះចៅអធិរាជនោះ តឹ្រមត្រូវតាមវិន័យដែរឬទេ? តើយើងគួរបង់ ឬក៏មិនគួរបង់?»
15. ព្រះអង្គជ្រាបពីពុតត្បុតពួកគេ ក៏មានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ? ចូរយកប្រាក់មួយឌេណារីឲ្យខ្ញុំ»
16. គេក៏យកកាក់មួយឲ្យទៅព្រះអង្គ រួចព្រះអង្គសួរពួកគេថា៖ «តើរូប និងចំណារលើកាក់នេះជារបស់នរណា?» ពួកគេទូលព្រះអង្គថា៖ «ជារបស់ព្រះចៅអធិរាជ»
17. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ចូរឲ្យអ្វីៗដែលជារបស់ព្រះចៅអធិរាជដល់ព្រះចៅអធិរាជ ហើយថ្វាយអ្វីៗដែលជារបស់ព្រះជាម្ចាស់ដល់ព្រះជាម្ចាស់ចុះ» ពួកគេក៏នឹកអស្ចារ្យនឹងព្រះអង្គ។
18. ឯពួកអ្នកខាងគណៈសាឌូស៊ីដែលនិយាយថាគ្មានការរស់ឡើងវិញ បានមកឯព្រះអង្គ ហើយសួរព្រះអង្គថា៖
19. «លោកគ្រូ លោកម៉ូសេបានសរសេរទុកសម្រាប់យើងថា ប្រសិនបើបងប្រុសរបស់អ្នកណាម្នាក់ស្លាប់ចោលប្រពន្ធ ដោយមិនទាន់មានកូន ប្អូនប្រុសអ្នកស្លាប់នោះត្រូវយកប្រពន្ធរបស់បង ហើយបង្កើតកូនឲ្យបងប្រុសរបស់គាត់។
20. មានបងប្អូនប្រុសប្រាំពីរនាក់ បងប្រុសច្បងបានយកប្រពន្ធ ហើយក៏ស្លាប់ទៅ ដោយមិនទាន់មានកូន
21. ប្អូនប្រុសទីពីរបានយកនាង រួចក៏ស្លាប់ទៀត ដោយមិនទាន់មានកូន ឯប្អូនប្រុសទីបីក៏ដូចគ្នាដែរ
22. បងប្អូនប្រុសទាំងប្រាំពីរនាក់មិនបានមានកូនទេ ទីបំផុតស្ត្រីនោះក៏ស្លាប់ដែរ
23. ចុះពេលពួកគេរស់ឡើងវិញ តើនាងជាប្រពន្ធរបស់អ្នកណាក្នុងចំណោមពួកគេ? ព្រោះបងប្អូនប្រុសទាំងប្រាំពីរនាក់បានយកនាងធ្វើជាប្រពន្ធគ្រប់គ្នា»
24. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «អ្នករាល់គ្នាមិនយល់បទគម្ពីរ និងអំណាចរបស់ព្រះជាម្ចាស់ទេ តើនេះមិនមែនជាហេតុផលដែលអ្នករាល់គ្នាយល់ច្រឡំទេឬ?
25. ព្រោះពេលមនុស្សស្លាប់រស់ឡើងវិញ គេមិនរៀបការជាប្ដីប្រពន្ធទៀតឡើយ ប៉ុន្ដែពួកគេដូចជាពួកទេវតានៅស្ថានសួគ៌វិញ
26. តើអ្នករាល់គ្នាមិនបានអានអំពីមនុស្សស្លាប់រស់ឡើងវិញ នៅក្នុងគម្ពីរលោកម៉ូសេទេឬអី គឺនៅត្រង់គុម្ពបន្លាដែលព្រះជាម្ចាស់មានបន្ទូលទៅលោកថា យើងជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប?
27. ព្រះអង្គមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ ប៉ុន្ដែជាព្រះរបស់មនុស្សរស់ អ្នករាល់គ្នាយល់ច្រឡំធំណាស់»។
28. គ្រូវិន័យម្នាក់បានចូលមកជិត និងឮពួកគេជជែកគ្នា ហើយដឹងថាព្រះអង្គឆ្លើយនឹងពួកគេបានល្អ ក៏សួរព្រះអង្គថា៖ «តើនៅក្នុងចំណោមបញ្ញត្ដិទាំងអស់បញ្ញត្ដិទីមួយគឺអ្វី?»
29. ព្រះយេស៊ូមានបន្ទូលឆ្លើយថា៖ «បញ្ញត្ដិទីមួយគឺ ចូរស្ដាប់ចុះអ៊ីស្រាអែលអើយ ព្រះអម្ចាស់ជាព្រះរបស់យើង ជាព្រះអម្ចាស់តែមួយគត់
30. អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នកឲ្យអស់ពីចិត្ដ អស់ពីគំនិត អស់ពីព្រលឹង និងអស់ពីកម្លាំងអ្នក
31. រីឯបញ្ញត្ដិទីពីរគឺ អ្នកត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកឲ្យដូចជាខ្លួនអ្នក គ្មានបញ្ញត្ដិណាធំជាងបញ្ញត្ដិទាំងពីរនេះទៀតទេ»
32. គ្រូវិន័យនោះទូលព្រះអង្គថា៖ «លោកគ្រូ ជាការពិត និងត្រឹមត្រូវណាស់ ដែលលោកនិយាយថា ព្រះជាម្ចាស់មានតែមួយអង្គគត់ ហើយគ្មានព្រះឯណាទៀតក្រៅពីព្រះអង្គឡើយ
33. ហើយឲ្យស្រឡាញ់ព្រះអង្គអស់ពីចិត្ដ អស់ពីប្រាជ្ញា អស់ពីព្រលឹង និងអស់ពីកម្លាំង និងឲ្យស្រឡាញ់អ្នកជិតខាងឲ្យដូចជាខ្លួនឯងនោះ ប្រសើរជាងតង្វាយដុត និងយញ្ញបូជាទាំងអស់ទៅទៀត»។