ម៉ាកុស 1:1-21 Khmer Christian Bible (KCB)

1. ដំណឹង​ល្អ​អំពី​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​ ចាប់​ផ្ដើម​ដូច​ត​ទៅ៖​

2. ដូច​ដែល​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​ បាន​សរសេរ​ទុក​ថា៖​ «មើល៍!​ យើង​ចាត់​ទូត​យើង​ឲ្យ​ទៅ​មុន​អ្នក​ ដើម្បី​រៀបចំ​ផ្លូវ​ឲ្យ​អ្នក​

3. មាន​សំឡេង​ស្រែក​នៅ​ទីរហោឋាន​ថា ចូរ​រៀបចំ​ដំណើរ​របស់​ព្រះអម្ចាស់​ ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអង្គ។​»

4. នៅ​ទីរហោឋាន​ លោក​យ៉ូហាន​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ និង​ប្រកាស​ពី​ពិធី​ជ្រមុជ​នៃ​ការ​ប្រែចិត្ដ​សម្រាប់​ការ​លើក​លែង​ទោស​បាប។​

5. មនុស្ស​មកពី​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​យូដា​ និង​ក្រុង​យេរូសាឡិម​បាន​មក​ឯ​លោក​យ៉ូហាន​ ដើម្បី​ទទួល​សារភាព​បាប​របស់​ខ្លួន​ ព្រមទាំង​ទទួល​ពិធីជ្រមុជ​ទឹក​ពី​គាត់​ក្នុង​អូរ​យ័រដាន់។​

6. លោក​យ៉ូហាន​ស្លៀក​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ​ ពាក់​ខ្សែ​ក្រវាត់​ដែល​ធ្វើ​ពី​ស្បែក​នៅ​នឹង​ចង្កេះ​ ហើយ​គាត់​បរិភោគ​កណ្ដូប​ និង​ទឹក​ឃ្មុំ​ព្រៃ។​

7. លោក​ប្រកាស​ថា៖​ «ព្រះអង្គ​យាង​មក​ក្រោយ​ខ្ញុំ​ មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្ដសម​នឹង​ឱន​ស្រាយ​ខ្សែ​ស្បែក​ជើង​របស់​ព្រះអង្គ​ផង​

8. ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ទឹក​ ប៉ុន្ដែ​ព្រះអង្គ​វិញ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ»។​

9. នៅ​គ្រា​នោះ​ ព្រះយេស៊ូ​បាន​យាង​មក​ពី​ក្រុង​ណាសារ៉ែត​ ស្រុក​កាលីឡេ​ និង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​លោក​យ៉ូហាន​នៅ​ក្នុង​អូរ​យ័រដាន់​

10. ពេល​ងើប​ចេញ​ពី​ទឹក​ភ្លាម​ ព្រះអង្គ​ទត​ឃើញ​ស្ថានសួគ៌​បើក​ចំហ​ ហើយ​ព្រះវិញ្ញាណ​បាន​យាង​មក​សណ្ឋិត​លើ​ព្រះអង្គ​ ដូចជា​សត្វ​ព្រាប​

11. ហើយ​មាន​សំឡេង​បន្លឺ​ចេញ​ពី​ស្ថានសួគ៌​មក​ថា៖​ «អ្នក​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញ​ចិត្ដ​នឹង​អ្នក​ណាស់»។​

12. ភ្លាម​នោះ​ ព្រះវិញ្ញាណ​ក៏​ជំរុញ​ព្រះអង្គ​ឲ្យ​ទៅ​ទីរហោឋាន។​

13. ព្រះអង្គ​នៅ​ទីរហោឋាន​សែសិប​ថ្ងៃ​ ត្រូវ​អារក្ស​សាតាំង​ល្បួង​ ហើយ​ព្រះអង្គ​នៅ​ជាមួយ​សត្វ​ព្រៃ​ និង​មាន​ទេវតា​ចាំ​បម្រើ​ព្រះអង្គ​ផង។​

14. បន្ទាប់​ពី​គេ​ចាប់​លោក​យ៉ូហាន​ឃុំឃាំង​ ព្រះយេស៊ូ​ក៏​យាង​ចូល​ស្រុក​កាលីឡេ​ ប្រកាស​ដំណឹង​ល្អ​អំពី​នគរ​ព្រះជាម្ចាស់​

15. ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ពេល​កំណត់​បាន​មក​ដល់​ហើយ​ នគរ​ព្រះជាម្ចាស់​មក​ជិត​បង្កើយ​ ចូរ​ប្រែចិត្ដ​ ហើយ​ជឿ​ដំណឹងល្អ​ចុះ»។​

16. ពេល​ព្រះយេស៊ូ​យាង​តាម​មាត់​បឹង​កាលីឡេ​ ព្រះអង្គ​បាន​ទត​ឃើញ​លោក​ស៊ីម៉ូន​ និង​លោក​អនទ្រេ​ជា​ប្អូន​ ពួកគេ​ជា​អ្នក​នេសាទ​ កំពុង​បង់​សំណាញ់​ក្នុង​បឹង​

17. ព្រះ​យេស៊ូ​មាន​បន្ទូល​ទៅពួក​គេ​ថា៖ «ចូរ​មក​តាម​ខ្ញុំ ​ខ្ញុំ​នឹង​ឲ្យ​អ្នក​ធ្វើ​ជា​អ្នក​នេសាទ​មនុស្ស​វិញ»។​

18. ភ្លាម​នោះ​ ពួកគេ​ក៏​ទុក​សំណាញ់​ចោល​ រួច​ដើរ​តាម​ព្រះអង្គ​តែ​ម្ដង។​

19. កាល​យាង​ហួស​ទី​នោះ​បន្ដិច​ ព្រះអង្គ​បាន​ទត​ឃើញ​លោក​យ៉ាកុប​ និង​លោក​យ៉ូហាន​ជា​ប្អូន​ កំពុង​ជួស​ជុល​សំណាញ់​នៅ​ក្នុង​ទូក​ អ្នក​ទាំង​ពីរ​ជា​កូន​របស់​លោក​សេបេដេ។​

20. ភ្លាម​នោះ​ ព្រះអង្គ​ត្រាស់​ហៅ​អ្នក​ទាំង​ពីរ​ ពួកគេ​ក៏​ទុក​ឪពុក​ឲ្យ​នៅ​ក្នុង​ទូក​ជាមួយ​ពួក​កូន​ឈ្នួល​ រួច​ដើរ​តាម​ព្រះអង្គ​ទៅ។​

21. ពួកគេ​ចូល​ក្នុង​ក្រុង​កាពើណិម​ ហើយ​នៅ​ថ្ងៃ​សប្ប័ទ​ ព្រះយេស៊ូ​ក៏​យាង​ចូល​ក្នុង​សាលា​ប្រជុំ​ភ្លាម​ ហើយ​បាន​បង្រៀន។​

ម៉ាកុស 1