កិច្ចការ 7:38-49 Khmer Christian Bible (KCB)

38. លោក​ម៉ូសេ​នេះ​ហើយ​ដែល​បាន​នៅ​ក្នុង​ចំណោម​ពួក​អ្នក​នៅ​ទីរហោឋាន​ជាមួយ​ដូនតា​របស់​យើង​ និង​ទេវតា​ដែល​បាន​ថ្លែង​ព្រះបន្ទូល​ដល់​គាត់​នៅ​លើ​ភ្នំ​ស៊ីណាយ​ ហើយ​គាត់​បាន​ទទួល​ព្រះបន្ទូល​ដ៏​មាន​ជីវិត​មក​ប្រគល់​ឲ្យ​យើង​រាល់គ្នា។​

39. ដូនតា​របស់​យើង​មិន​ព្រម​ស្ដាប់​បង្គាប់​គាត់​ទេ​ ផ្ទុយ​ទៅ​វិញ​ពួកគេ​បាន​ច្រាន​គាត់​ចោល​ ហើយ​ក្នុង​ចិត្ដ​របស់​ពួកគេ​នឹក​ចង់​ត្រលប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ​

40. ដោយ​និយាយ​ទៅ​លោក​អើរ៉ុន​ថា​ ចូរ​ឆ្លាក់​រូប​ព្រះ​ឲ្យ​យើង​ ជា​ព្រះ​ដែល​នាំ​មុខ​យើង​ ដ្បិត​លោក​ម៉ូសេ​ដែល​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ​ យើង​មិន​ដឹង​ថា​មាន​អ្វី​កើតឡើង​ដល់​គាត់​ទេ​

41. នៅ​ពេល​នោះ​ គេ​ក៏​ធ្វើ​រូប​កូនគោ​មួយ​ ហើយ​ថ្វាយ​យញ្ញបូជា​ដល់​រូប​នោះ​ទាំង​នាំ​គ្នា​អរ​សប្បាយ​នឹង​ស្នាដៃ​របស់​ពួកគេ​

42. ដូច្នេះ​ព្រះជាម្ចាស់​ក៏​បែរ​ព្រះភក្ដ្រ​ចេញ​ពី​ពួកគេ​ ហើយ​បាន​ប្រគល់​ពួកគេ​ឲ្យ​ទៅ​បម្រើ​ពល​បរិវារ​នៅ​លើ​មេឃ​ ដូច​មាន​សេចក្ដី​ចែង​ទុក​ក្នុង​គម្ពីរ​អ្នក​នាំ​ព្រះបន្ទូល​ថា​ ឱ​ពូជពង្ស​អ៊ីស្រាអែល​អើយ!​ រយៈ​ពេល​សែសិប​ឆ្នាំ​នៅ​ទីរហោឋាន​នោះ​ តើ​អ្នក​រាល់គ្នា​បាន​យក​សត្វ​តង្វាយ​ និង​យញ្ញបូជា​មក​ថ្វាយ​ដល់​យើង​ដែរ​ឬ​ទេ?​

43. អ្នក​រាល់គ្នា​បែរជា​សែន​រោង​ម៉ូឡុក​ និង​ផ្កាយ​រេមផាន់​ជា​ព្រះ​របស់​អ្នក​រាល់គ្នា​ គឺ​ជា​រូបព្រះ​ដែល​អ្នក​រាល់គ្នា​បាន​ធ្វើ​សម្រាប់​ថ្វាយបង្គំ​ ដូច្នេះ​យើង​នឹង​បញ្ជូន​អ្នក​រាល់គ្នា​ទៅ​ឯ​នាយ​ស្រុក​បាប៊ីឡូន។​

44. ដូនតា​របស់​យើង​មាន​រោង​នៃ​សេចក្ដី​បន្ទាល់​នៅ​ទីរហោឋាន​ គឺ​ដូច​ដែល​ព្រះអង្គ​បាន​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ធ្វើ​តាម​គំរូ​ដែល​គាត់​បាន​ឃើញ​

45. ដូនតា​របស់​យើង​ក៏​ទទួល​រោង​នោះ​តៗ​គ្នា​តាម​ជំនាន់​ ព្រមទាំង​បាន​នាំ​យក​ទៅ​ជាមួយ​លោក​យ៉ូស្វេ​នៅ​គ្រា​កាន់កាប់​ទឹកដី​របស់​សាសន៍​ដទៃ​ ដែល​ព្រះជាម្ចាស់​បាន​បណ្ដេញ​ពួកគេ​ចេញ​ពី​មុខ​ដូនតា​របស់​យើង​រហូត​ដល់​ជំនាន់​ស្ដេច​ដាវីឌ​

46. ដែល​បាន​ជា​ទី​គាប់​ព្រះ​ហឫទ័យ​នៅ​ចំពោះ​ព្រះភក្ដ្រ​របស់​ព្រះជាម្ចាស់​ ហើយ​ស្ដេច​បាន​សុំ​សង់​ដំណាក់​សម្រាប់​ព្រះ​នៃ​ពូជពង្ស​របស់​លោក​យ៉ាកុប​

47. ប៉ុន្ដែ​ជា​ស្ដេច​សាឡូម៉ូន​ទេ​តើ​ ដែល​បាន​សង់​ដំណាក់​ថ្វាយ​ព្រះជាម្ចាស់​

48. ទោះជា​យ៉ាង​ណា​ក៏​ដោយ​ ព្រះ​ដ៏​ខ្ពស់​បំផុត​មិន​គង់​នៅ​ក្នុង​កន្លែង​ដែល​សង់​ឡើង​ដោយ​ដៃ​មនុស្ស​ទេ​ ដូច​ដែល​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក​ថា​

49. ស្ថានសួគ៌​ជា​បល្ល័ង្ក​របស់​យើង​ ឯ​ផែនដី​ជា​កំណល់​ជើង​របស់​យើង។​ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា​ តើ​អ្នក​រាល់គ្នា​នឹង​សង់​ដំណាក់​បែប​ណា​សម្រាប់​យើង?​ តើ​កន្លែង​សម្រាក​របស់​យើង​ជា​កន្លែង​យ៉ាង​ដូចម្ដេច?​

កិច្ចការ 7