3. ពេលនោះ លោកពេត្រុសនិយាយថា៖ «ឱ អាណានាសអើយ! ហេតុអ្វីបានជាអារក្សសាតាំងនៅពេញក្នុងចិត្ដរបស់អ្នក ធ្វើឲ្យអ្នកកុហកព្រះវិញ្ញាណបរិសុទ្ធ ហើយលាក់ប្រាក់លក់ដីមួយចំណែកទុកដូច្នេះ?
4. កាលអ្នកនៅមានដីនៅឡើយ តើវាមិនមែនជារបស់អ្នកទេឬ? ក្រោយពីបានលក់ហើយ តើប្រាក់មិនស្ថិតនៅក្រោមសិទ្ធិអំណាចរបស់អ្នកទេឬ? ហេតុអ្វីបានជាអ្នកកើតគំនិតនេះនៅក្នុងចិត្តដូច្នេះ? អ្នកមិនបានកុហកមនុស្សទេ គឺបានកុហកព្រះជាម្ចាស់ទេតើ!»
5. កាលលោកអាណានាសឮពាក្យទាំងនេះហើយ គាត់ក៏ដួលដាច់ខ្យល់ស្លាប់ទៅ ហើយអស់អ្នកដែលបានឮអំពីហេតុការណ៍នេះ ក៏មានសេចក្ដីកោតខ្លាចជាខ្លាំង។
6. ពេលនោះ ពួកយុវជនក៏ក្រោកឡើងរុំសពគាត់ ហើយសែងយកទៅបញ្ចុះ។
7. ប្រហែលជាបីម៉ោងក្រោយមក ប្រពន្ធរបស់លោកអាណានាសក៏ចូលមកដែរ ដោយមិនដឹងអំពីហេតុការណ៍ដែលបានកើតឡើងនោះទេ។
8. លោកពេត្រុសក៏សួរនាងថា៖ «សូមប្រាប់ខ្ញុំមើល៍ តើអ្នកលក់ដីបានប្រាក់ប៉ុណ្ណឹងមែនឬ?» នាងឆ្លើយថា «ចា៎ស! ប៉ុណ្ណឹងមែន»។
9. ពេលនោះលោកពេត្រុសក៏និយាយទៅនាងថា៖ «ហេតុអ្វីបានជាអ្នកព្រមព្រៀងគ្នាល្បងលព្រះវិញ្ញាណរបស់ព្រះអម្ចាស់ដូច្នេះ? មើល៍ ជើងរបស់ពួកអ្នកដែលបញ្ចុះសពប្ដីរបស់នាងនៅមាត់ទ្វារហើយ ពួកគេនឹងសែងនាងយកទៅដែរ»។
10. ភ្លាមនោះ នាងក៏ដួលនៅទៀបជើងរបស់លោកពេត្រុស ហើយដាច់ខ្យល់ស្លាប់ទៅ។ ពេលពួកយុវជនចូលមក ហើយឃើញនាងស្លាប់ដូច្នេះ ពួកគេក៏សែងនាងយកទៅបញ្ចុះក្បែរប្ដីរបស់នាង។
11. ក្រុមជំនុំទាំងមូល ព្រមទាំងអស់អ្នកដែលបានឮអំពីហេតុការណ៍នេះ មានសេចក្ដីកោតខ្លាចជាខ្លាំង។
12. មានទីសំគាល់ និងការអស្ចារ្យជាច្រើនបានកើតឡីងនៅក្នុងចំណោមប្រជាជន តាមរយៈដៃរបស់ពួកសាវក ហើយពួកគេទាំងអស់គ្នាមានចិត្ដគំនិតតែមួយនៅក្នុងសាលាសំណាក់សាឡូម៉ូន
13. រីឯអ្នកផ្សេងទៀត គ្មានអ្នកណាហ៊ានចូលរួមជាមួយពួកគេទេ ប៉ុន្ដែទោះជាយ៉ាងណាក្ដី ប្រជាជនគោរពពួកគេ