13. គាត់បានមកជួបខ្ញុំដោយឈរនិយាយក្បែរខ្ញុំថា ឱបងសូលអើយ! សូមឲ្យភ្នែករបស់បងមើលឃើញវិញចុះ! រំពេចនោះ ខ្ញុំក៏មើលឃើញគាត់
14. រួចគាត់និយាយថា ព្រះនៃដូនតារបស់យើងបានជ្រើសរើសបងឲ្យស្គាល់បំណងរបស់ព្រះអង្គ និងឲ្យឃើញព្រះដ៏សុចរិត ព្រមទាំងឮសំឡេងចេញពីព្រះឱស្ឋរបស់ព្រះអង្គផ្ទាល់
15. ព្រោះបងនឹងធ្វើជាសាក្សីដល់មនុស្សទាំងអស់ សម្រាប់ព្រះអង្គអំពីអ្វីដែលបងបានឃើញ និងបានឮ
16. ដូច្នេះ តើបងនៅចាំអ្វីទៀត? ចូរក្រោកឡើង ហើយទទួលពិធីជ្រមុជទឹក ព្រមទាំងអំពាវនាវរកព្រះនាមរបស់ព្រះអង្គ ដើម្បីលុបលាងបាបរបស់បងចុះ។
17. មានរឿងមួយបានកើតឡើង ពេលខ្ញុំត្រលប់មកក្រុងយេរូសាឡិមវិញ ហើយកំពុងអធិស្ឋាននៅក្នុងព្រះវិហារ ខ្ញុំក៏លង់ក្នុងសុបិននិមិត្ដ
18. ហើយឃើញព្រះអង្គមានបន្ទូលមកខ្ញុំថា ចូរប្រញាប់ចាកចេញពីក្រុងយេរូសាឡិមភ្លាម ព្រោះគេមិនទទួលទីបន្ទាល់ដែលអ្នកបាននិយាយអំពីខ្ញុំទេ។
19. ខ្ញុំក៏ទូលថា ព្រះអម្ចាស់អើយ! ពួកគេដឹងស្រាប់ហើយថា ខ្ញុំបានចាប់ពួកអ្នកជឿព្រះអង្គយកទៅដាក់គុក ទាំងវាយដំពួកគេនៅតាមសាលាប្រជុំនានាផង
20. ហើយកាលពួកគេសម្លាប់លោកស្ទេផានដែលជាសាក្សីរបស់ព្រះអង្គ ខ្ញុំក៏ឈរនៅទីនោះ ទាំងយល់ស្របដែរ ហើយយាមសម្លៀកបំពាក់ឲ្យពួកអ្នកសម្លាប់គាត់ទៀតផង។
21. ព្រះអង្គបានមានបន្ទូលមកខ្ញុំថា ចូរចេញទៅ ព្រោះខ្ញុំនឹងចាត់អ្នកឲ្យទៅឯសាសន៍ដទៃដែលនៅឆ្ងាយៗ»។
22. ពេលពួកគេស្ដាប់លោកប៉ូលដល់ត្រឹមពាក្យនេះក៏ស្រែកឡើងថា៖ «សូមកំចាត់មនុស្សបែបនេះចេញពីផែនដីទៅ! ដ្បិតវាមិនសមរស់ទេ»
23. ហើយពេលពួកគេកំពុងស្រែក ទាំងគ្រវែងសម្លៀកបំពាក់ចោល និងបាចធូលីដីទៅលើអាកាស
24. មេបញ្ជាការក៏បញ្ជាឲ្យគេនាំលោកប៉ូលចូលទៅក្នុងបន្ទាយ រួចបង្គាប់ឲ្យគេសួរចម្លើយគាត់ដោយវាយនឹងខ្សែតី ដើម្បីឲ្យដឹងថា ហេតុអ្វីបានជាបណ្ដាជនស្រែកជំទាស់គាត់ដូច្នេះ
25. ប៉ុន្ដែ នៅពេលគេកំពុងចងសន្ធឹងលោកប៉ូលដោយខ្សែ នោះគាត់ក៏និយាយទៅនាយទាហានម្នាក់ដែលឈរនៅទីនោះថា៖ «តើច្បាប់អនុញ្ញាតឲ្យពួកលោកវាយជនជាតិរ៉ូមដោយមិនបានកាត់ទោសដែរឬទេ?»
26. ពេលនាយទាហាននោះឮដូច្នេះ ក៏ចូលទៅប្រាប់មេបញ្ជាការថា៖ «តើលោកប្រុងធ្វើអ្វី? ដ្បិតម្នាក់នេះជាជនជាតិរ៉ូម»
27. ដូច្នេះ មេបញ្ជាការក៏ចូលមកសួរលោកប៉ូលថា៖ «ចូរប្រាប់ខ្ញុំមក៍ តើអ្នកជាជនជាតិរ៉ូមឬ?» គាត់ក៏ឆ្លើយថា៖ «មែនហើយ»
28. មេបញ្ជាការតបថា៖ «ខ្ញុំចាយប្រាក់ច្រើនណាស់ ទើបបានសញ្ជាតិនេះ» នោះលោកប៉ូលក៏និយាយថា៖ «រីឯខ្ញុំ កើតមកមានសញ្ជាតិនេះតែម្ដង»
29. ពេលនោះ ពួកទាហានដែលប្រុងសួរចម្លើយ បានថយចេញពីគាត់ភ្លាម រីឯមេបញ្ជាការក៏ភ័យខ្លាចដែរ ពេលដឹងថាលោកប៉ូលជាជនជាតិរ៉ូម ព្រោះគាត់បានឲ្យគេចងលោកប៉ូល។
30. នៅថ្ងៃបន្ទាប់ ដោយចង់ដឹងច្បាស់អំពីហេតុផលដែលជនជាតិយូដាចោទប្រកាន់លោកប៉ូល មេបញ្ជាការក៏ដោះលែងលោកប៉ូល ហើយបញ្ជាពួកសម្ដេចសង្ឃ និងក្រុមប្រឹក្សាកំពូលទាំងអស់ឲ្យជួបជុំគ្នា រួចក៏នាំលោកប៉ូលមកឲ្យឈរនៅចំពោះមុខអ្នកទាំងនោះ។