កិច្ចការ 2:31-41 Khmer Christian Bible (KCB)

31. ដោយ​ស្ដេច​ដាវីឌ​ដឹង​ជាមុន​ដូច្នេះ​ បានជា​ថ្លែង​អំពី​ការ​រស់​ឡើង​វិញ​របស់​ព្រះគ្រិស្ដ​ថា​ ព្រះជាម្ចាស់​មិន​ទុក​ព្រះអង្គ​ចោល​ឲ្យ​នៅក្នុង​ស្ថាន​នរក​ឡើយ​ ឬ​ឲ្យ​រូបកាយ​របស់​ព្រះអង្គ​ជួប​ការ​រលួយ​ដែរ​

32. គឺ​ព្រះយេស៊ូ​នេះ​ហើយ​ ដែល​ព្រះជាម្ចាស់​បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ ហើយ​យើង​ទាំងអស់​គ្នា​ជា​បន្ទាល់​អំពី​ការ​នេះ។​

33. ដូច្នេះ​ក្រោយពី​ព្រះជាម្ចាស់​បាន​លើក​តម្កើង​ព្រះយេស៊ូ​ឲ្យ​គង់​នៅ​ខាង​ស្ដាំ​ព្រះអង្គ​ ហើយ​ក្រោយពី​បាន​ទទួល​សេចក្ដី​សន្យា​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ពី​ព្រះវរបិតា​រួច​ ព្រះអង្គ​ក៏​ចាក់​ព្រះវិញ្ញាណ​ ដូច​ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​ និង​បាន​ឮ​នេះ​ស្រាប់​ហើយ។​

34. ទោះបី​ស្ដេច​ដាវីឌ​មិន​បាន​ឡើង​ទៅ​ស្ថានសួគ៌​ក៏​ដោយ​ ក៏​ស្ដេច​បាន​ថ្លែង​ថា​ ព្រះអម្ចាស់​មាន​បន្ទូល​ទៅ​ព្រះអម្ចាស់​របស់​ខ្ញុំ​ថា​ ចូរ​អង្គុយ​នៅ​ខាង​ស្ដាំ​យើង​

35. រហូត​ដល់​យើង​ដាក់​ខ្មាំង​សត្រូវ​របស់​អ្នក​ ធ្វើ​ជា​កំណល់​ជើង​របស់​អ្នក។​

36. ដូច្នេះ​ ចូរ​ឲ្យ​ពូជពង្ស​អ៊ីស្រាអែល​ទាំងអស់​បាន​ដឹង​ជា​ប្រាកដ​ចុះ​ថា​ ព្រះជាម្ចាស់​បាន​តាំង​ព្រះយេស៊ូ​ ដែល​អ្នក​រាល់គ្នា​បាន​ឆ្កាង​នេះ​ឲ្យ​ធ្វើ​ជា​ព្រះអម្ចាស់​ និង​ជា​ព្រះគ្រិស្ដ»។​

37. ពេល​ពួកគេ​ស្ដាប់​ឮ​ដូច្នេះ​ហើយ​ ពួកគេ​ក៏​មាន​សេចក្ដី​ប៉ះពាល់​ចិត្ដ​ និង​បាន​សួរ​ទៅ​លោក​ពេត្រុស​ ព្រមទាំង​សាវក​ឯទៀត​ថា៖​ «ឱ​បងប្អូន​អើយ!​ តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូចម្ដេច?»​

38. លោក​ពេត្រុស​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​ប្រែចិត្ដ​ ហើយ​ទទួល​ពិធី​ជ្រមុជទឹក​ក្នុង​ព្រះនាម​ព្រះ​យេស៊ូ​គ្រិស្ដ​រៀងៗ​ខ្លួន​ចុះ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ទទួល​បាន​ការ​លើកលែង​ទោស​បាប​ និង​ទទួល​បាន​អំណោយទាន​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​

39. ព្រោះ​សេចក្ដី​សន្យា​នេះ​សម្រាប់​អ្នក​រាល់គ្នា​ និង​កូនចៅ​របស់​អ្នក​រាល់គ្នា​ ព្រមទាំង​សម្រាប់​អស់​អ្នក​នៅ​ឆ្ងាយ​ គឺ​អស់​អ្នក​ដែល​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​បាន​ត្រាស់ហៅ​មក​ឯ​ព្រះអង្គ​ផ្ទាល់»។​

40. លោក​ពេត្រុស​បាន​ធ្វើ​បន្ទាល់​ដោយ​ពាក្យ​សំដី​ជា​ច្រើន​ទៀត​ ទាំង​ដាស់តឿន​ពួកគេ​ ដោយ​និយាយ​ថា៖​ «ចូរ​អ្នក​រាល់គ្នា​សង្គ្រោះ​ខ្លួន​ឲ្យ​រួច​ពី​ជំនាន់​វៀចវេរ​នេះ​ចុះ»។​

41. បន្ទាប់មក​ អស់​អ្នក​ដែល​បាន​ទទួល​យក​ពាក្យ​សំដី​របស់​គាត់​ដោយ​អំណរ​ គេ​បាន​ទទួល​ពិធី​ជ្រមុជទឹក​ ហើយ​នៅ​ថ្ងៃ​នោះ​មាន​មនុស្ស​ប្រហែល​បីពាន់​នាក់​ ត្រូវ​បាន​បន្ថែម​ទៅ​ក្នុង​ចំណោម​ពួកគេ។​

កិច្ចការ 2