18. ព្រះអម្ចាស់ដែលធ្វើឲ្យគេដឹងអំពីហេតុការណ៍ទាំងនេះតាំងពីដើមរៀងមក បានមានបន្ទូលយ៉ាងដូច្នេះ។
19. ដូច្នេះហើយ ខ្ញុំយល់ឃើញថា យើងមិនត្រូវធ្វើឲ្យពួកអ្នកពីក្នុងចំណោមសាសន៍ដទៃ ដែលបានបែរមកឯព្រះជាម្ចាស់ពិបាកឡើយ
20. ផ្ទុយទៅវិញ ត្រូវសរសេរប្រាប់ពួកគេឲ្យចៀសវាងពីសំណែនដែលស្មោកគ្រោកដោយសាររូបព្រះ អំពើអសីលធម៌ខាងផ្លូវភេទ សាច់សត្វដែលសម្លាប់ដោយច្របាច់ក និងឈាម
21. ដ្បិតតាំងពីជំនាន់ដើម មានគេប្រកាសអំពីក្រឹត្យវិន័យរបស់លោកម៉ូសេនៅគ្រប់ក្រុងទាំងអស់ ព្រមទាំងអាននៅក្នុងសាលាប្រជុំរៀងរាល់ថ្ងៃសប្ប័ទ»។
22. ពេលនោះ ពួកសាវក និងពួកចាស់ទុំ ព្រមទាំងក្រុមជំនុំទាំងមូលយល់ឃើញថា ត្រូវជ្រើសរើសមនុស្សពីក្នុងចំណោមពួកគេដើម្បីចាត់ឲ្យទៅក្រុងអាន់ទីយ៉ូកជាមួយលោកប៉ូល និងលោកបារណាបាស។ ពួកគេក៏ជ្រើសរើសបានលោកយូដាសដែលហៅថាបារសាបាស និងលោកស៊ីឡាសដែលជាអ្នកដឹកនាំក្នុងចំណោមពួកបងប្អូន
23. ហើយពួកគេបានសរសេរសំបុត្រផ្ញើតាមអ្នកទាំងពីរថា៖ «ពួកសាវក និងចាស់ទុំដែលជាបងប្អូន សូមជម្រាបសួរដល់បងប្អូនសាសន៍ដទៃនៅក្នុងក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា