កិច្ចការ 11:12-19 Khmer Christian Bible (KCB)

12. ព្រះវិញ្ញាណ​ក៏​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​ជាមួយ​ពួកគេ​ ដោយ​ឥត​រារែក​ រីឯ​បងប្អូន​ទាំង​ប្រាំមួយ​នាក់​នេះ​បាន​ទៅ​ជាមួយ​ខ្ញុំ​ដែរ​ រួច​យើង​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​អ្នក​នោះ​

13. ហើយ​គាត់​បាន​រៀបរាប់​ប្រាប់​យើង​អំពី​ហេតុការណ៍​ដែល​គាត់​បាន​ឃើញ​ទេវតា​ឈរ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ ទាំង​ប្រាប់​ថា​ ចូរ​ចាត់​មនុស្ស​ឲ្យ​ទៅ​ក្រុង​យ៉ុបប៉េ​ ហើយ​អញ្ជើញ​ស៊ីម៉ូន​ដែល​ហៅ​ថា​ពេត្រុស​ឲ្យ​មក​

14. គាត់​នឹង​ប្រកាស​ប្រាប់​អ្នក​អំពី​ព្រះបន្ទូល​ដែល​ធ្វើ​ឲ្យ​អ្នក​ និង​ពួក​អ្នក​ផ្ទះ​របស់​អ្នក​ទាំង​អស់​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​

15. ពេល​ខ្ញុំ​ចាប់ផ្ដើម​និយាយ​ ព្រះវិញ្ញាណ​បរិសុទ្ធ​ក៏​យាង​មក​សណ្ឋិត​លើ​ពួកគេ​ដូចជា​បាន​សណ្ឋិត​លើ​យើង​កាល​ពី​ដំបូង​ដែរ។​

16. ពេល​នោះ​ ខ្ញុំ​ក៏​នឹកចាំ​ពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ដែល​ព្រះអង្គ​មាន​បន្ទូល​ថា​ លោក​យ៉ូហាន​បាន​ធ្វើ​ពិធី​ជ្រមុជ​ដោយ​ទឹក​ ប៉ុន្ដែ​អ្នក​រាល់គ្នា​នឹង​ទទួល​ពិធី​ជ្រមុជ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​វិញ។​

17. ដូច្នេះ​ បើ​ព្រះជាម្ចាស់​ប្រទាន​អំណោយទាន​ដល់​ពួកគេ​ ដូច​ដែល​បាន​ប្រទាន​ដល់​យើង​ ដែល​បាន​ជឿ​លើ​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ដែរ​នោះ​ តើ​ខ្ញុំ​ជា​នរណា​ដែល​ហ៊ាន​រារាំង​ព្រះជាម្ចាស់?»​

18. ពេល​ពួកគេ​បាន​ឮ​ដូច្នេះ​ ពួកគេ​ក៏​នៅ​ស្ងៀម​ ហើយ​សរសើរ​តម្កើង​ព្រះជាម្ចាស់​ ដោយ​និយាយ​ថា៖​ «ដូច្នេះ​ ព្រះជាម្ចាស់​ក៏​ប្រទាន​ការ​ប្រែចិត្ដ​ ដែល​នាំ​ទៅ‍​ឯ​ជីវិត​ដល់​សាសន៍​ដទៃ​ដែរ!»

19. រីឯ​ពួក​អ្នក​ដែល​បាន​ខ្ចាត់ខ្ចាយ​ដោយសារ​ការ​បៀតបៀន​ ដែល​បាន​កើតឡើង​ដល់​លោក​ស្ទេផាន​ ពួកគេ​បាន​ទៅ​ដល់​ស្រុក​ភេនីស​ កោះ​គីប្រុស​ និង​ក្រុង​អាន់ទីយ៉ូក​ ហើយ​មិន​បាន​ប្រកាស​ព្រះបន្ទូល​ដល់​អ្នក​ផ្សេង​ឡើយ​ លើកលែង​តែ​ជនជាតិ​យូដា​ប៉ុណ្ណោះ​

កិច្ចការ 11